
កាលបរិច្ឆេទ: ០៩ កុម្ភៈ ២០២៦ / កសិកម្ម / Author : ATH Sokren
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស មានពិធីសម្ពោធបើកឱ្យប្រើប្រាស់បណ្ណាល័យ និងជ្រុងតម្រង់ទិសវិជ្ជាជីវៈថ្មីមួយ ដែលជាសក្ខីភាពនៃភាពជាដៃគូរវាងមូលនិធិគីណាល់ក្រោមការដឹកនាំរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិ និងអង្គការស៊ីប៉ា។ គំនិតនេះផ្តល់ឱកាសស្មើភាពគ្នាដល់យុវជននៅតាមខេត្តក្នុងការទទួលបានការអប់រំត្រូវបានលេចេញជារូបរាងនៅថ្ងៃនោះ តាមរយៈវត្តមានអគារបណ្ណាល័យមួយនេះ ក្រោមវត្តមានរបស់លោកងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់។
ក្នុងឱកាសបើកកម្មវិធីសម្ពោធ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង មានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្នុងនាមជាប្រធានមូនិធិគីណាល់ ជាកិត្តិយសដ៏ធំធេងណាស់សម្រាប់រូបខ្ញុំដែលមានវត្តមាននៅថ្ងៃនេះដើម្បីសម្ពោធបណ្ណាល័យថ្មីនៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស។ មូលនិធិគីណាល់បានចូលរួមឧបត្ថម្ភជាថវិកាសម្រាប់គម្រោងមួយនេះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការស៊ីប៉ា។ លោកឧកញ៉ាឱសថបណ្ឌិតក៏បានរម្លឹកផងដែរថា មូលនិធិរបស់លោកមានបេសកកម្មដ៏សាមញ្ញ និងម៉ឺងមាត់គឺ «ចូលរួមចំណែកក្នុងការកសាងយុវជនដែលមានសុខភាពល្អ មានការអប់រំល្អ និងចេះរួបរួមគ្នា មានសមត្ថភាពចូលរួមកសាងប្រទេសជាតិទៅថ្ងៃអនាគត»។ សម្រាប់រូបលោក បណ្ណាល័យថ្មីនេះមិនត្រឹមតែជា«កន្លែងសម្រាប់ដាក់ធ្នើសៀវភៅ»ប៉ុណ្ណោះទេ តែក៏ជា«កន្លែងសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងជ្រុងតម្រង់ទិសវិជ្ជាជីវៈផងដែរ ជាកន្លែងដែលសិស្សានុសិស្សអាចមកក្រេបយកចំណេះដឹង និងស្វែងយល់ពីគោលដៅរបស់ខ្លួន ស្វែងរកគំរូ និងទំនុកចិត្តចាំបាច់សម្រាប់ត្រួសត្រាយផ្លូវដើររបស់ពួកគេ»។
តាមរយៈគម្រោងមួយនេះ និងគម្រោងបណ្ណាល័យ និងជ្រុងតម្រង់ទិសវិជ្ជាជីវៈនៃវិទ្យាល័យជីហែកាលពីឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភផ្នែកបច្ចេកទេសពីអង្គការស៊ីប៉ា មូលនិធិគីណាល់កំពុងពង្រឹងវត្តមានរបស់ខ្លួននៅតាមខេត្ត។ បើតាមប្រសាសន៍របស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បណ្ណាល័យនៅកែបបានផ្សារភ្ជាប់«សាលារៀនទៅនឹងពិភពការងារ និងការស្រាវជ្រាវ» តាមរយៈធនធានក្នុងវិស័យវិទ្យាសាស្រ្ត សុខាភិបាល កសិកម្ម និងនវានុវត្តន៍ ដែលជួយអភិវឌ្ឍជំនាញរបស់យុវជនកម្ពុជា និងជួយឱ្យពួកគេមានសមត្ថភាពចេះគិតពិចារណាដោយខ្លួនឯង។
សម្រាប់អង្គការស៊ីប៉ា វត្តមានបណ្ណាល័យនេះក៏ជាការឆ្លើយតបទៅនឹងកង្វះខាតព័ត៌មានយ៉ាងខ្លាំងនៅតាមខេត្តអំពីការសិក្សា និងវិជ្ជាជីវៈផងដែរ។ លោកហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា បានរម្លឹកថា មានយុវជននៅតាមជនបទជាច្រើនដែលស្គាល់តែវិជ្ជាជីវៈបែបប្រពៃណីប៉ុន្មានមុខប៉ុណ្ណោះ ខណៈពេលដែល«សម័យនេះជាយុគសម័យឌីជីថល» ហើយមានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនដែលអាចរកបានដោយមិនចាំបាច់រៀនដល់ថ្នាក់អនុបណ្ឌិតនោះឡើយ។ បណ្ណាល័យដែលមានជ្រុងតម្រង់ទិសវិជ្ជាជីវៈ រចនាឡើងរួមគ្នាជាមួយក្រសួងអប់រំ និងកីឡា មានបំណងជួយសិស្សវិទ្យាល័យជ្រើសរើសផ្លូវជាក់លាក់មួយ និងជួយពួកគេឱ្យទទួលបាន «ការងារដែលអាចរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង»។
បើតាមប្រសាសន៍របស់លោកងួន ច័ន្ទសុជាតា វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធបែបនេះនៅវិទ្យាល័យចរិយាវង្សចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ គឺជា «ការគាំទ្រដ៏សំខាន់មួយសម្រាប់សិស្សានុសិស្ស សហគមន៍ និងសង្គម»។ តាមរយៈការផ្តល់ជូនសៀវភៅ ឧបករណ៍ឌីជីថល និងការស្រាវជ្រាវដោយផ្ទាល់តាមរយៈថេប្លេត បណ្ណាល័យចូលរួម «អភិវឌ្ឍចិត្តគំនិត និងការត្រិះរិះពិចារណា» អនុញ្ញាតឱ្យមានការវិភាគកាន់តែស៊ីជម្រៅអំពី «ហេតុ និងផល» និង «ផ្តល់ឱកាសស្មើភាពគ្នាសម្រាប់សិស្សទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកមាន និងអ្នកក្រ»។ កន្លែងសិក្សាថ្មីនៅកែបនេះនឹងក្លាយជាកន្លែងអចិន្ត្រៃយ៍ដែលយុវជននៅតាមខេត្តអាចមកស្វែងរកគោលដៅរបស់ខ្លួនបាន៕